អបអរសាទរ ការទទួលបានអាជ្ញាប័ណ្ណ ប្រកបអាជីវកម្ម
នាព្រឹកថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន វិថីម៉ាយក្រូហ្វាយនែន ម.ក បានអបអរសាទរការទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មជាផ្លូវការពីធនាគារជាតិនៃកម្ពុជាក្រោមអធិបតីភាព លោកឧកញ៉ា បណ្ឌិត ប៊ុន មុនី ប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានឯកជន វិថីម៉ាយក្រូហ្វាយនែន ម.ក។
លោក លី សុភ័ក្តិ ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន វិថីម៉ាយក្រូហ្វាយនែន ម.ក បានលើកឡើងពីប្រវត្តិរបស់គ្រឹះស្ថាននេះគឺកើតឡើងចាប់ផ្តើមពីអង្គការស្ថាបនាសហគមន៍កម្ពុជាដែលជាអង្គការគ្រីស្ទាន និងជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានច្បាប់អនុញ្ញាតិពីក្រសួងមហាផ្ទៃលេខ ៧៧០ សជណ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៩៦។ក្នុងគោលបំណងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងសំដៅគាំទ្រដល់ការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រទូទាំងព្រះរាជាណាចក្រកម្ពុជា។
រហូតមកទល់បច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន វិថីម៉ាយក្រូហ្វាយនែន ម.ក មានម្ចាស់ភាគហ៊ុនចំនួន២ធំៗគឺ អង្គការស្ថាបនាសហគមន៍កម្ពុជាកាន់កាប់ភាគហ៊ុនចំនួន ៦០% និងឯកជនពីរផ្សេងទៀតកាន់កាប់ភាគហ៊ុនចំនួន ៤០% ដែលការវិនិយោគសរុបមានចំនួន ៤.៥០០.០០០ ដុល្លារអាមេរិក និង កំពុងប្រតិបត្តិការក្នុង រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមាន៤ការិយាល័យ (រាជធានីភ្នំពេញ ស្រុកស្អាង ស្រុកកោះធំ និងស្រុកខ្សាច់កណ្តាល) ជាមួយបុគ្គលិកសរុបចំនួន ៦៤នាក់។ គិតត្រឹមដំណាច់ឆ្នាំ២០១៦ គ្រឹះស្ថានមានសមតុល្យឥណទានសរុប ចំនួន ៣.៥០០.០០០ ដុល្លារអាមេរិក និងមានអតិថិជនចំនួន ៣.០០០នាក់។ ដោយមើលឃើញថាវិស័យមីក្រូហិរញ្ញវត្ថុ នៅតែមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំនែក អភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងតំរូវការចាំបាច់របស់ប្រជាពលរដ្ឋ និងហិរញ្ញវត្ថុគឺជាសសៃឈាមនៃសេដ្ឋកិច្ចដែលនោះ គ្រឹះស្ថានឯកជន វិថីម៉ាយក្រូហ្វាយនែន ម.ក បានលើកផែនការជាបឋមក្នុងការពង្រីកទីផ្សាររបស់ខ្លួនអំឡុងពេលប្រាំឆ្នាំខាងមុខនេះចាប់ពីឆ្នាំ ២០១៧-២០២១ ដោយពង្រីកតំបន់ប្រតិបត្តិការចំនួន ៥៥ការិយាល័យបន្ថែមទៀតនៅទូទាំងរាជធានី ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា រួមជាមួយនិងចំនួនបុគ្គលិកសរុបរហូតដល់ ៧៣០នាក់ និងទំហំសមតុល្យឥណទានរហូតដល់ ៦៨, ០០០,០០០ ដុល្លារអាមេរិក ។
យុទ្ធសាស្រ្តរបស់គ្រឹះស្ថានឯកជន វិថីម៉ាយក្រូហ្វាយនែន ម.ក គឺសំដៅបំពេញចន្លោះខ្វះខាតដែលទីផ្សារហិរញ្ញវត្ថុកំពុងជួបប្រទះ ពោលគឺអតិថិជនក្រីក្រដែលត្រូវការកម្ចីខ្នាតតូច ដែលគ្រឺះស្ថានធំៗមិនបានបំពេញតំរូវការនេះ ហើយយើងមើលឃើញថាចំណែកទីផ្សារក្នុងវិស័យនេះ មានទំហំធំដែលត្រូវបំពេញបន្ថែម។
គ្រឹះស្ថានឯកជន វិថីម៉ាយក្រូហ្វាយនែន ម.ក បេ្តជ្ញាចូលរួមអភិវឌ្ឍន៏សេដ្ឋកិច្ចប្រទេសកម្ពុជាអោយបានជោគជ័យ ដោយគោរពតាមច្បាប់រដ្ឋ និងបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា អោយបានល្អប្រសើរ ដើម្បីធានាការរីកចំរើនប្រកបដោយនិរន្តភាព។
លោកឩកញ៉ា បណ្ឌិត ប៊ុន មុនី ប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថានឯកជន វិថីម៉ាយក្រូហ្វាយនែន ម.ក បានមានប្រសាសន៍ថាៈ សេវាកម្មមីក្រូហិរញ្ញវត្ថុគឺដើរតួនាទីសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិពីព្រោះសេវាកម្មនេះបានបំរើសេវាជូនដល់ប្រជាពលរដ្ឋនៅតាមទីភូមិ ជនបទដាច់ស្រយាលនានា អាចនិយាយបានថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺជា “ កូនសោចាក់ទំលាយភាពក្រីក្រ “ ដូចនេះឆ្លងតាមរយៈបទពិសោធន៍ជាច្រើនឆ្នាំកន្លងមកលោកមើលឃើញថាការប្រកបអាជីវកម្មប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈនឹងនាំអោយ វិស័យនេះទទួលបានជោគជ័យរហូតដល់បច្ចុប្បន្ន ដូចនេះ វិថីម៉ាយក្រូហ្វាយនែន ម.ក និងបំពាក់បំប៉នសមត្ថភាពជំនាញឲ្យបានគ្រប់គ្រាន់ដល់បុគ្គលិករបស់ខ្លួនក្នុងការប្រតិបត្តិការ ដើម្បីបំរើសេវាកម្មជូនប្រជាពលរដ្ឋ ធានាឲ្យបាននូវនិរន្តរភាពទាំងស្ថាប័ន និង អតិថិជនរបស់ខ្លួន។ លើសពីនេះ លោកបានលើកឡើងថាៈ “ ស្ថាប័នមិនអាចជោគជ័យលើការបរាជ័យរបស់អតិថននោះបានទេ ”។
យើងខ្ញុំទាំងអស់គ្នាដែលជាថ្នាក់គ្រប់គ្រង សង្ឃឹមយ៉ាងមុតមាំថា បុគ្គលិករបស់គ្រឹះស្ថានឯកជន វិថីម៉ាយក្រូហ្វាយនែន ម.ក ទាំងអស់និងសហការគ្នា សាមគ្គីគ្នា ជាធ្លុងមួយក្នុងនាមជាខ្មែរដូចគ្នា ពុះពារគ្រប់ឧបសគ្គទាំងអស់ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ អោយស្របតាមពាក្យស្លោករបស់គ្រឹះស្ថានដែលបានកំណត់ថា វិថីទៅកាន់ភាពជោគជ័យ ។